ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទ លួចគាស់បន្ទប់ លួចយកកុំព្យូទ័រ ១ គ្រឿង នៅមន្ទីរពេទ្យរុស្ស៊ី

Tuesday, 23 April 2013 14:59 ដោយដើមអម្ពិល៖ ID-015
E-mail Print PDF

ភ្នំពេញ : ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ទំនប់ទឹក ខណ្ឌចំការមន ឃាត់ខ្លួនពីបទ គាស់បន្ទប់ ចូល លួចកុំព្យូទ័រ ១ គ្រឿង នៃបន្ទប់ការិយាល័យ ផ្នែកពន្យារជីវិត នៃមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត កាលពីវេលាម៉ោង ៨និង ៣០នាទីព្រឹក ថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០១៣។

នាយនគរបាលប៉ុស្តិ៍ ទំនប់ទឹក លោក ផន អូន បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ផាត់ សារឿន ភេទប្រុស អាយុ ២១ ឆ្នាំ មានទីលំនៅភូមិផ្អេរ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

លោកនាយប៉ុស្តិ៍ បានឲ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាពលួចកុំព្យូទ័រ ដែលមានបក្ខពួកចំនួន៣ នាក់ ប៉ុន្តែចាប់បានម្នាក់ រួមជាមួយ នឹងវត្ថុតាង ដែលរូបគេធ្វើសកម្មភាពលួចបាន ចំណែក ២នាក់ទៀត រត់គេចខ្លួនបាត់ ។ សមត្ថកិច្ចបានបន្តថា ជនសង្ស័យដែលរត់គេចខ្លួនបាត់ មានឈ្មោះ នឿន និងម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ ។

បច្ចុប្បន្នជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួនបាន សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ ចំណែក បក្ខពួក ២នាក់ទៀត សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកចាប់ខ្លួន៕