មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាំយកថវិកា ពីសប្បុរសជន ឧបត្ថម្ភដល់ តារាចម្រៀង អ៊ុំ គន្ធា

Thursday, 01 November 2012 16:22 ដោយ ៖ ដើមអម្ពិល(DAP): ID-078
E-mail Print PDF

ភ្នំពេញៈ ក្រោយពីទទួល បាននូវដំណឹង ដ៏គ្រោតគ្រាត ទាក់ទងនឹងការធ្លាក់ ដុនដាប ទៅលើកម្រិត ជីវភាព របស់ តារាចម្រៀង ធ្លាប់ ចាយលុយពេញៗដៃ នាង អ៊ុំ គន្ធា ដែលត្រូវ ជាអតីតភរិយា របស់តារាចម្រៀង ផាន សុផាត ដែលកំពុង តែធ្លាក់ខ្លួន ដើរ រាវខ្យង ខ្ចៅ នឹងបេះត្រកួន ដើម្បីយកមកធ្វើ ជាអាហារ បរិភោគចិញ្ចឹមជីវិត ស្ទើរមិនគួរ ឲ្យជឿរួចមក នៅរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បាននាំយក ថវិកា មួយចំនួន ដែលបានមកពី សប្បុរសជននានា និងថវិកា មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ផ្ទាល់ទៅឧបត្ថម្ភ ជូនគ្រួសាររបស់ តារាចម្រៀង អ៊ុំ គន្ធា ដែលកំពុងតែជួបប្រទះ នូវការខ្វះខាត យ៉ាងធ្ងន់ធ្ងរ ទៅលើការទិញថ្នាំ ព្យាបាលជំងឺ នឹងផ្គង់ផ្គងជីវភាពប្រចាំថ្ងៃ ដែលផ្ទះនាងស្នាក់នៅ មានអាសយដ្ឋាននៅ ក្នុងភូមិ បាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខាងក្រោយ បុរីពិភពថ្មី។

ថវិកាដែលសប្បុរសជន ជួយឧបត្ថម្ភតារាចម្រៀង អ៊ុំ គន្ធា តាមរយៈមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មានដូចជាកញ្ញា លីដា ណាលីស (Lida Nalish) ឧបត្ថម្ភតាម រយៈក្រុម ប្រហុកខ្មែរ ថវិកា ១០០ ដុល្លារអាមេរិក ។ លោក វី នៅភ្នំពេញ ថវិកា៦ម៉ឺនរៀល ។ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថវិកា ១០ម៉ឺនរៀល និងអង្ករ ៤៥គីឡូក្រាម និង លោក ហុក ចាន់លីណូ ថវិកា ៥ដុល្លារ ផង ដែរ ។ ក្នុងឱកាសនោះ អ្នកនាង អ៊ុំ គន្ធា ក៏ដូចជាម្ដាយ របស់នាង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្ត ទុក ដាក់ ពីសំណាក់ សប្បុរស ជននានា ទាំងទឹកភ្នែក រលីងរលោង ជាប់ថ្ពាល់ ហើយនេះជាទឹកចិត្ត ដែលមិនអាច កាត់ថ្លៃបានរបស់ សប្បុជន ដែលបានជួយសង្គ្រោះ នាង និងគ្រួសារ ក្នុងពេលក្រខ្សត់នេះ ។

ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ក៏សូមអំពាវនាវដល់សិល្បករ-សិល្បការិនី និងសប្បុរសជននានា ដែលមាន សុទ្ធាជ្រះថ្លា សូមជួយឧបត្ថម្ភ ដល់តារាចម្រៀង អ៊ុំ គន្ធា ដែលកំពុងជួបបញ្ហាទីទាល់ក្រ ដើម្បីបង្ហាញពីទឹកចិត្ត ចេះជួយគ្នា ទៅវិញ ទៅមក ក្នុងនាមជា ប្រជាពលរដ្ឋខ្មែរ និងក្នុងនាមជាអ្នកសិល្បៈ ដូចគ្នា ព្រោះមនុស្សគ្រប់រូប ពិតជាមិនអាច មើលឃើញ ពីជោគវាសនា របស់ខ្លួនបានឡើយ។ ជាក់ស្ដែងដូចជានាង អ៊ុំ គន្ធា នេះជាដើម រហូតដល់ថ្នាក់ ថ្ងៃមួយមានជនពិកា ពីនាក់ ប្ដីប្រពន្ធ បាន ដឹកដៃគ្នាដើរកាត់ទឹក កាត់ភក់ ដើម្បីយកថវិកា បន្តិចបន្តួច ទៅជូននាងដល់ផ្ទះ ដោយសារតែពួក គាត់មានការក្ដី អាណិតអាសូរនាង ជាពន់ពេក ធ្វើឲ្យនាងស្រក់ទឹកភ្នែក ខ្សឹបខ្សួលនិយាយ លេងចេញ ព្រោះមិននឹក ស្មានថា ជីវិតនាងធ្លាក់ដល់ ថ្នាក់នេះសោះ។
គួរបញ្ជាក់ថា រឿងរ៉ាវដែលមិននឹកស្មានមិនដល់មួយ នៅក្នុងខ្សែជីវិត របស់តារាចម្រៀងស្រី ដែលធ្លាប់ល្បីឈ្មោះ ដោយសារតែ ការឡើង ច្រៀងស្លៀកពាក់ ដ៏សិចស៊ី គឺអ្នកនាង អ៊ុំ គន្ធា អតីតភរិយាតារាចម្រៀង ដែលចូលចិត្ដ ច្រៀងបទពីដើមៗបានពីរោះ គឺលោក ផាន សុផាត នោះ ត្រូវបានបែកធ្លាយ ធ្វើឲ្យមជ្ឈដ្ឋាន អ្នកដែលធ្លាប់ស្គាល់ ពីជីវិតហ៊ឺហារបស់នាង ស្ទើរតែនាំគ្នា មិន ជឿសោះឡើយថា តារាចម្រៀងដែលធ្លាប់ រស់នៅក្នុងជីវភាព ធូរធារថ្កុំ ថ្កើង ស្គាល់តែពាក្យចូល ហាងតុបតែងខ្លួន ស៊ីវីល័យ ទៅណាមកណាជិះរថយន្ដ និងដើរស៊ីចាយ ហ៊ឺហានោះ បែរជា ធ្លាក់ខ្លួនរហូតដល់ថ្នាក់ ស្ទើរតែរកលុយ ចិញ្ចឹមជីវិត ខ្លួនឯង មិនរស់ ដល់ថ្នាក់ ដើររើស ខ្យង ខ្ចៅ និងបេះត្រកួន ព្រលឹត យកស្លហូបចម្អែតក្រពះ។
អ៊ុំ គន្ធា សព្វថ្ងៃឆាក ជីវិតនាង និងកូនប្រុសទាំង ២ធ្លាក់ខ្លួន ស្ទើរតែរកអង្ករច្រក ឆ្នាំងគ្មាន និងមានជំងឺ ជាប់កាយ ជ្រកកោន ក្នុងផ្ទះប្អូនស្រី មិនអាចធ្វើការ ធ្ងន់ធ្ងរបានទេ។ ប្រឈមនឹងបញ្ហាជីវិត នាងត្រូវបង្ខំចិត្ដនាំ កូនចុះរាវខ្ចៅ ខ្យង និងដកព្រលឹត បេះត្រកួន ក្នុងបឹងបាយ៉ាប យកទៅលក់។ នាងតូចចិត្ដ នឹងវាសនា ណាស់ថា តើពីជាតិមុន នាង បានសាងកម្មពៀរអ្វី បានជា ជាតិនេះ ធ្លាប់ល្បីល្បាញ ឡើងកប់ពពក បែរជាជ្រកអាចម៍ជន្លេន ស្ទើរមិនគួរ ឲ្យជឿយ៉ាងនេះ ។ អ៊ុំ គន្ធា បានផ្ដាំផ្ញើទៅដល់ លោក ផាន សុផាត ជាអតីតស្វាមី ថា នាងមិនចង់បានអ្វីក្រៅតែអំពីឲ្យលោក ផាន សុផាត ជួយជាថវិកាចេញថ្លៃ សាលាឲ្យកូន រៀន ដើម្បីឲ្យកូនមាន អនាគតនឹងគេ ចំណែកលោកដែល បានប្រកាន់ចិត្តខឹងនាង ធ្ងន់ធ្ងរយ៉ាងណា នោះ ក៏ខឹងទៅ សម្រាប់ នាងផ្ទាល់ គឺលេងគិតហើយ ចំពោះរឿងនេះ៕

Photo by DAP-News

Photo by DAP-News

ក្រុមអ្នករកស៊ី ដឹកកម្មករស្នើឲ្យ សាលាខេត្ត ជួយរកដំណោះ ស្រាយដល់ពួកខ្លួន

Thursday, 01 November 2012 16:15 ដោយៈ ដើមអម្ពិល (DAP)-ID: 009
E-mail Print PDF

ស្វាយរៀងៈ បន្ទាប់ពីអាជ្ញាធខេត្តស្វាយរៀងស្នើសុំឲ្យម្ចាស់ រថយន្ដដឹកកម្មកទាំងអស់ នៅក្នុងខេត្ត ស្វាយរៀង កាត់បន្ថយការដឹកកម្មករ ដែលមានចំណុះច្រើននាក់ ជាហេតុបង្កឲ្យមានគ្រោះថ្នាក់ជាញឹក ញាប់មកនោះ ក្រុមអ្នកមានរថយន្ដដឹកកម្មករមួយ ចំនួនមានគម្រោងដង្ហែក្បួនមកកាន់សាលា ខេត្តស្វាយ រៀង ឲ្យជួយរកដំណោះស្រាយឲ្យពួកខ្លួន។

បុរសម្នាក់ដែលមានរយន្តម៉ាកកូរ៉េ ដែលអាចដឹកក្រុមកម្មករប្រមាណ ៦០នាក់ បានប្រាប់ឲ្យដឹងថា ប្រសិន បើម្ចាស់រថយន្ដទាំងអស់ ធ្វើតាមការស្នើសុំរបស់អាជ្ញាធរ ដែលតម្រូវឲ្យធ្វើកន្លែងអង្គុយឲ្យបានត្រឹមត្រូវ ដល់កម្មករ និងមិនឲ្យកម្មករឈរនោះ វានឹងធ្វើឲ្យចំនួនកម្មករជិះធ្លាក់ចុះជាងមុន។

លោកបានថ្លែងថា «បើយើងធ្វើតាមការទាមទាររបស់អាជ្ញាធរ តើនរណាជាអ្នកទទួលខុសត្រូវ ចំពោះជីវ ភាពរបស់ពួកយើង?»។
បើតាមម្ចាស់រថយន្តរូបនេះ ជាទូទៅក្នុងរយន្ដមួយគ្រឿង គេអាចផ្ទុកកម្មករ បានចំនួន ៦០ទៅ៨០នាក់ តែ បើធ្វើតាមស្នើសុំរបស់អាជ្ញាធរ ដែលឲ្យដឹកកម្មករចំនួន៣៥នាក់ ចំនួនកម្មករធ្លាក់ចុះជិតពាក់កណ្ដាល។

ចំណែកយុវជនវ័យក្មេងម្នាក់ទៀត ឈ្មោះ នី ដែលមានរថយន្តដឹកកម្មករមួយគ្រឿងដែរនោះ បានឲ្យដឹង ថា យើងមិនប្រឆាំងនិងវិធានការរបស់អាជ្ញាធរនោះទេ ក៏ប៉ុន្តែបើធ្វើបែបនេះមែន យើងនឹងដំឡើងថ្លៃរថ យន្ដទ្វេមួយជាពីរ។

លោកថ្លែងថា « តើក្រុមកម្មករដែលជិះរថយន្តទាំងនោះ យល់ព្រមតាមការដំឡើងថ្លៃនេះដែរឬទេ? ពីមុន យើងយកតម្លៃ ១៥ដុល្លារក្នុងកម្មករម្នាក់ក្នុងមួយខែ តែបើធ្វើដូចអាជ្ញាធរប្រាប់នោះ យើងនឹងដំឡើង៣០ ដុល្លារក្នុងម្នាក់»។

យុវជនរូបនេះបានបន្តថា បើតាមលោកដឹងក្រុមកម្មករទាំងអស់មិនចង់ឲ្យមានការរៀបចំជាកៅអីអង្គុយ នោះទេ ពួកគេសុខចិត្តទ្រាំជិះឈរបែបនេះ ព្រោះវាមានតម្លៃថោក តែបើអាជ្ញាធរចាប់បង្ខំឲ្យម្ចាស់រថយន្ដ កាត់បន្ថយចំនួនអ្នកជិះនោះ ក្រុមកម្មករទាំងអស់ក៏ព្រមចូលរួមទាមទារជាមួយម្ចាស់រថយន្ដដែរ។

លោក ជៀង អំ អភិបាលខេត្តស្វាយរៀង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀល ថ្ងៃទី១ ខែវិច្ឆិកា ថា សាលាខេត្តបានធ្វើការប្រជុំជាមួយក្រុមម្ចាស់រថយន្ត និងតំណាងរោងចក្រអស់ហើយ ពីបញ្ហានេះ ដោយសាលាខេត្តតម្រូវឲ្យម្ចាស់រថយន្តទាំងអស់ត្រូវតែធ្វើកៅអីអង្គុយ ដោយមានបង្កាន់ដៃ សម្រាប់កាន់ព្រមទាំងបន្ថយចំនួនអ្នកជិះផង ដោយការជួបជុំគ្នានោះ គឺមានការឯកភាពគ្នាអស់ហើយពី ម្ចាស់រថយន្ត ហើយបើមានអ្នកមិនពេញចិត្តគឺតិចតួចប៉ុណ្ណោះ។
លោកបានថ្លែងថា «ការតម្រូវឲ្យធ្វើបែបនេះ វាគ្មានចំណេញអ្វីដល់សាលាខេត្តនោះទេ ក៏ប៉ុន្តែវាបានធ្វើ ឲ្យក្រុមកម្មករទាំងអស់ មានសុវត្ថិភាពក្នុងការធ្វើដំណើរ»។

បើតាមលោកអភិបាលខេត្ត ជៀង អំ ក្នុងរយៈពេលមិនដល់ពេញមួយឆ្នាំផង នៅឆ្នាំ២០១២នេះ មាន គ្រោះថ្នាក់ចរាចរចំនួន៤ដងមកហើយ ដោយសាតែរថយន្ដដឹកកម្មករច្រើនពេក គឺពី៥០នាក់ទៅ៦០នាក់ ក្នុងមួយរថយន្ដនេះ។

លោកបន្ថែមថា« បើយើងមិនចាត់វិធានការទេ គ្រោះថ្នាក់បែបនេះ នឹងកើតមានជាបន្តទៅទៀត ហើយជា ពិសេសទៅទៀតនោះនឹងមានការរិះគន់ថា អាជ្ញាធរអសម្មតភាព បានជាបណ្ដោយឲ្យមានគ្រោះថ្នាក់កើត ឡើងញឹកញាប់បែបនេះ»៕

Photo by DAP-NEWS

Photo by DAP-NEWS

បើកសិក្ខាសាលា ពិគ្រោះយោបល់ ស្តីពី សូចនាករសិទ្ធិកុមារ

Thursday, 01 November 2012 16:00 ដោយៈ ដើមអម្ពិល(DAP): ID-014
E-mail Print PDF

ភ្នំពេញ៖ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី សូចនាករសិទ្ធិកុមារ ត្រូវបានបើកធ្វើឡើង ដោយមានការចូលរួមពីមន្រ្តីមកពីក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ជាច្រើនរូប នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២នេះ នាសណ្ឋាគារ អៀមភើរៀល រាជធានីភ្នំពេញ។

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីសូចនាករសិទ្ធិកុមារនេះ ត្រូវបានរៀបចំធ្វើឡើងក្នុងគោលបំណង២យ៉ាង ១.ដើម្បីបង្ហាញពីលទ្ធផលដែលបានចងក្រង នៃសូចនាករពាក់ព័ន្ធនឹងសិទ្ធិកុមារ និង២.ដើម្បីពិនិត្យ ពិភាក្សាផ្តល់យោបល់លើសូចនាករ ដែលបានចងក្រងពាក់ព័ន្ធនឹងសិទ្ធិកុមារ។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ លោក នឹម ថូត បានមានប្រសាសន៍នៅក្នុងពិធីបើកនោះថា កម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិកុមារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ដោយមិនមានលក្ខខណ្ឌ ហើយបន្ទាប់មក ប្រទេសកម្ពុជា ក៏បាន ផ្តល់សច្ចាប័នលើពិធីសារបន្ថែមនៃអនុសញ្ញាស្តីពីសិទ្ធិកុមារចំនួន២ទៀត គឺស្តីពីការចូលរួមរបស់ កុមារនៅក្នុងជម្លោះប្រដាប់អាវុធ និងស្តីពីការជួញដូរកុមារ ពេស្យា កម្មកុមារ និងរូបភាពអាសអាភាសកុមារ ឆ្នាំ២០១២។

លោកបានបន្តថា «រាជរដ្ឋាភិបាល បានជំរុញការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ ដោយផ្អែកលើគោលចម្បង ៣ យ៉ាងគឺ៖

១.ការដកហូតកុមារ ពីទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ដើម្បីឲ្យកុមារទទួលបានការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាហរណកម្មកុមារទៅក្នុងសង្គម។

២.កិច្ចសហការជាមួយសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងការជួញដូរស្រ្តីនិងកុមារ និងទី៣.លើកកម្ពស់ការងារសមរម្យ និងសុវត្ថិភាពការងារកុមារ ព្រមទាំងបានចេញប្រកាសចំនួន៤ ដើម្បីទប់ស្កាត់ពលកម្មកុមារ ក្នុងកសិកម្មមានលក្ខណៈជាគ្រួសារ។

លោកស្រី Robin Mauney ជំនាញការចងក្រងសូចនាករ ពាក់ព័ន្ធនឹងសិទ្ធិកុមារ បានមានប្រសាសន៍ថា បានជាយើងត្រូវបង្កើត សូចនាករសិទ្ធិកុមារ គឺដើម្បីត្រួតពិនិត្យ លើការអនុវត្តអំពីសិទ្ធិកុមារ របស់ប្រទេសកម្ពុជា ហើយជាការទទួលខុសត្រូវក្រោមច្បាប់កិច្ច ការពារកុមារអន្តរជាតិ ២០១២-២០១៣។

លោកស្រីបានបន្តថា ប្រទេសកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការបញ្ជូនរបាយការណ៍ រៀងរាល់៥ឆ្នាំម្តង ជូនទៅគណៈកម្មាធិការ ការពារកុមារ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញា ស្តីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ ហើយតាមរយៈអនុសញ្ញានេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយន្តការជាច្រើន ដើម្បីឲ្យកុមារទទួលបាន នូវសិទ្ធិពេញលេញរបស់ខ្លួន ជាពិសេស សិទ្ធិជាមូលដ្ឋានទាំង ៤ គឺសិទ្ធិរស់រានមានជិវិត សិទ្ធិអភិវឌ្ឍ សិទ្ធិទទួលបានការការពារ និងសិទ្ធិចូល រួម។ ដើម្បីអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិកុមារ រាជរដ្ឋាភិបាល បានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ (ក.ជ.ក.) នៅឆ្នាំ ១៩៩៥ ដោយអនុក្រឹត្យ និងបានកែសម្រួល ទៅជាព្រះរាជក្រឹត្យនៅចុងឆ្នាំ២០០៩៕

www.dap-news.com

www.dap-news.com

អាមេរិក គាំទ្រកម្ពុជា ដែលអនុវត្តច្បាប់ សុំកូនទៅចិញ្ចឹម នៅក្រៅប្រទេស

Thursday, 01 November 2012 15:53 ដោយៈ ដើមអម្ពិល(DAP): ID-014
E-mail Print PDF

ភ្នំពេញ៖ ប្រទេសអាមេរិកគាំកម្ពុជា ដែលមានការរីកចំរើនយ៉ាងរលូន ក្នុងការអនុវត្តច្បាប់របស់ខ្លួន ស្តីពីការសុំកូនចិញ្ចឹមទៅក្រៅប្រទេស។

យោងតាមសេចក្តីថ្លែងការណ៍ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២នេះបានឲ្យដឹងថា ប្រទេសកម្ពុជាមានការរីកចំរើនទៅមុខច្រើន ក្នុងការអនុវត្តច្បាប់របស់ខ្លួនស្តីពី ការសុំកូនចិញ្ចឹមទៅក្រៅប្រទេស និងបទបញ្ញត្តិដែលមានការទាក់ទង ស្តីពីជំរើស ផ្សេងក្នុងការចិញ្ចឹមបីបាច់កុមារ តែក៏នៅមានការងារដែលត្រូវធ្វើនៅឡើយផងដែរ។

សេចក្តីថ្លែងការណ៍នោះបន្តថា “យើងសូមស្វាគមន៍ដំណើរជឿនលឿនទៅមុខ ដែលសំរេចបានកន្លងមក ហើយយើងសូមបន្តគាំទ្រ កិច្ចខិតខំរបស់ប្រទេសកម្ពុជា ក្នុង ការឈានទៅគោរពអនុសញ្ញាក្រុងឡាអេស្តីពី ការសុំកូនចិញ្ចឹម ឲ្យបានពេញលេញ”។

លោកស្រីឯកអគ្គរដ្ឋទូត Susan Jacobs ទីប្រឹក្សាពិសេសផ្នែកបញ្ហាកុមារ របស់សហរដ្ឋអាមេ រិក បានធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២នោះ ដើម្បីបន្តការពិភាក្សាស្តីពី ផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ផ្តើមឡើងវិញ នូវដំណើរការសុំកូនចិញ្ចឹមទៅក្រៅប្រទេស។ ក្នុង អំឡុងពេលទស្សនកិច្ច លោកស្រី បានជួបពិភាក្សាជាមួយមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនីតិសម្បទា។

សហរដ្ឋអាមេរិកបន្ត ធ្វើការពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា ស្តីពីការបន្តឡើងវិញ នូវដំណើរការសុំកូនចិញ្ចឹមទៅក្រៅប្រទេស ហើយមិនបានធ្វើការសំរេចចិត្ត ឬក៏កំណត់ពេលវេលាសម្រាប់ ដំណើរការឡើងវិញនូវការសុំកូនចិញ្ចឹម ទៅបរទេសរវាងកម្ពុជានិងសហរដ្ឋអាមេរិកឡើយ។

បន្ទាប់ពីកម្ពុជា បានចូលជាសមាជិកអនុសញ្ញា The Hague convention ពេញសិទ្ធិមក នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១២នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាត ឲ្យរដ្ឋាភិបាលអាមេរិក យកកុមារកម្ពុជា ទៅចិញ្ចឹមដោយស្របច្បាប់ តាមលក្ខណៈអន្តរជាតិឡើងវិញ ដែលគំរោងនេះ នឹងផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣តទៅ។

ប្រទេសកម្ពុជា បានអនុញ្ញាតឲ្យជនបរទេសយកកុមារ ទៅចិញ្ចឹមជាច្រើនឆ្នាំមកហើយ ដែលរហូតមកដល់ពេលនេះ ប្រហែលជាង៥០០០នាក់។ ប្រទេសដែលត្រូវបាន អនុញ្ញាតមានដូចជាប្រទេស អ៊ីតាលី, បារាំង, អូស្រ្តាលី, អាល្លឺម៉ង់, អាមេរិក និងប្រទេសអង់គ្លេសជាដើម។ កម្ពុជា បានទទួលស្គាល់សន្ធិសញ្ញាឲ្យ អន្តរជាតិស្មុំកុមារ តាំងពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៧ ហើយនៅក្នុងខែសីហា ឆ្នាំដដែល បានចូលជាពេញសិទ្ធិជាស្ថាពរ៕

ក្រុមនិសិ្សតរៀបចំ កម្មវិធីរត់ប្រណាំង រកថវិកាជួយ សត្វព្រៃនៅកម្ពុជា

Thursday, 01 November 2012 15:46 ដោយ ៖ ដើមអម្ពិល(DAP): ID-078
E-mail Print PDF

ភ្នំពេញ៖ ក្រុមនិស្សិតមួយ ក្រុមដែល មានឈ្មោះថាក្រុម និស្សិត Fun-Runនឹងរៀបចំ ព្រឹត្តិការណ៍ មួយដែលមាន ឈ្មោះថា “I Like to Move It ” ក្រោមអត្ថន័យថា “រត់ និង ជួយសត្វព្រៃ” ដែលនឹងធ្វើឡើង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១២ ឧទ្យានចំការព្រីង ក្នុងគោលបំណង ប្រមូលថរិកា ដើម្បីទៅជួយសត្វព្រៃ នៅភ្នំតាម៉ៅ និងដាស់តឿនរំលឹកដល់ ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជា ពិភពលោកទំាងមូល ចូលរួមជួយសង្គ្រោះសត្វព្រៃ ព្រោះសត្វទាំងនោះស្ថិត ក្នុងភាពគ្រោះថ្នាក់ហើយ មួយចំនួនទៀតស្ទើរ តែផុតពូជទៅហើយ។

យោងតាមប្រភព ព័ត៌មានពីក្រុមនិសិ្សត Fun Run បានឲ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបាន គាំទ្រដោយអង្គការ សង្គ្រោះសត្វព្រៃ (Wildlife Alliance) និង សួនសត្វភ្នំតាម៉ៅ និង រំពឹងមានមនុស្ស ចំនួន២,០០០ នាក់នឹងចូលរួម។ យោងតាមស្ថិតិរបស់ ភ្នំតាម៉ៅ នៅចុង កញ្ញានេះ បានដឹងថាភ្នំតាម៉ៅ មានទំហំប្រមាណ ២,៣០០ហិតតា មានសត្វព្រៃចំនួន ៩៦ប្រភេទ ដែលស្មើនឹង១៤៤១ សត្វ ក្នុងនោះមាន សត្វព្រៃចំនួន១៦ប្រភេទ ដែលប្រឈមមុខ នឹងការផុតពូជ។

ប្រភពព័ត៌មានបាន លើកឡើងទៀតថា «ក្នុងនាមយើងជាជនជាតិកម្ពុជា យើងមានមោទកភាព ដែលមានធម្មជាតិ និងសត្វ ដ៏ មានតម្លៃទាំងនេះ។ ត្វទាំងនេះរស់នៅជាមួយ មនុស្សយើង ហើយ វាក៏បាន បង្កើតនូវបរិយាកាសដ៏ល្អ។ វាក៏មានតួនាទី សំខាន់ ក្នុង ការរក្សាលំនឹងប្រព័ន្ធ អេកូឡូស៊ីផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សត្វដ៏មានទតម្លៃទាំងនេះ នឹងត្រូវផុតពូជនៅ ពេល ខាងមុខ»។

សួនសត្វភ្នំតាម៉ៅជាសួនសត្វជាតិ គឺជាមណ្ឌលសង្រោះសត្វ ព្រៃតែមួយគត់ក្នុង ប្រទេសកម្ពុជា ដែលដើតួនាទីយ៉ាងសំខាន់ ក្នុង ការការពារសត្វព្រៃនិង ជាកន្លែងឃ្លាំមើលភាព មិនល្អលើសត្វព្រៃ។ ទន្ទឹមនឹងការរីកចម្រើន របស់សួនសត្វ និង ចំនួនសត្វព្រៃ កាន់កើនឡើង សួនសត្វនេះកំពុងប្រឈមមុខ នឹងការខ្វះមូលនិធិដើម្បីទិញ ចំនីសត្វជួសជុលទ្រុងសត្វ និង ថែរក្សារសត្វព្រៃ របស់កម្ពុជាជាដើម។ កត្កាទាំងអស់នេះហើយ ដែលជំរុញឲ្យសត្វព្រៃកាន់តែ ប្រឈមនឹងការ ផុតពូជហើយនឹង បណ្តាលឲ្យ មនុស្ស ជំនាន់ថ្មីមិនអាចយល់ពី តម្លៃនៃជីវិតរបស់ ទាំងនេះ។

ប្រភពដដែលបន្ថែមថា ដោយមើលឃើញពី ចំណុចដ៏គ្រោះថ្នាក់នេះ ពួកក្រុមនិស្សិតបាន បង្កើតគំរោងនេះទ្បើង ដើម្បី រំលឹក ដល់ប្រជាជនកម្ពុជា ទាំងអស់ឲ្យយល់ ដឹងថាកម្ពុជានឹង បាត់បង់សត្វព្រៃក្នុង ពេលខាងមុខដ៏ខ្លី។ គំរោងនេះត្រូវបាន បើកជា សាធារណៈ ហើយសាធារណៈជននឹង ត្រូវបានអញ្ជើញឳ្យចូលរួម ក្នុងរូបភាពជាការរត់ ប្រណាំងកំសាន្ត ការសំដែង និងកម្មវិធី ជាច្រើនទៀត ដែលនឹងប្រព្រឹត្តទៅ ចាប់ពីម៉ោងប្រាំមូយព្រឹក រហូតដល់ ថ្ងៃត្រង់។ សំបុត្រសំរាប់ចូលរួមតម្លៃ ៣ដុល្លាចំពោះជន ជាតិខ្មែរ និង១០ដុល្លាសំរាប់ ជនជាតិបរទេស។ ចំពោះព័ត៌មាន ការទិញសំបុត្រ អាចទាក់ទងតាមលេខ ០៧៧ ៧០ ៥៨ ៦៩ រឺ គេហទំព័រ cambodiafunrun.org។

សូមបញ្ជាក់ថា ការប្រកួតរត់ប្រណាំងនេះ មានចម្ងាយផ្លូវ៤គីឡូម៉ែត្រ ដោយធ្វើការបែងចែក ទៅតាមភេទប្រុសនិងស្រី រីឯ ចំណាត់ថ្នាក់វិញ គឺទាំងផ្នែកបុរស និងផ្នែកនារី គឺកំណត់យកពីលេខ១ ដល់លេខ៣ ដូចគ្នា។ មូលនិធិដែលទទួលបាន ពីគំរោង នេះនឹងយកទៅ ជូយដល់ការគាំទ្រសត្វព្រៃ នៅសួនសត្វភ្មំតាម៉ៅ។ នេះជាពេលដែល ប្រជាជនកម្ពុជាសង្រោះ សត្វព្រៃនៅ ប្រទេសកម្ពុជា។ ការចូលរួមចំនែកម្នាក់បន្តិចៗ នឹងជូយឲ្យមានភាព ប្រសើរទ្បើងដល់សត្វព្រៃ។ លោកអ្នក ក៏អាចចូលរួម ឧបត្ថម្ភ តាមរយៈធនាគារ CIMB គណនីលេខ ២-០១-០១២៤-០០០០០៤៤៥-៩។

គួរបញ្ជាក់ថានេះជាគំរោង លើកទីពីរបន្ទាប់ពី គំរោងកាលពីឆ្នាំមុន ដែលមានឈ្មោះថា “កម្មវិធីអាស៊ានរត់ប្រណាំង» ដោយភ្ជាប់ ជាមួយ ពាក្យស្លោកមួយឃ្លាថា «យើងរត់ដើម្បីពិភពពណ៌បៃតង” ដែលធ្វើទ្បើងក្នុងការបង្កើត មូលនិធិគាំទ្របរិស្ថាន។ គំរោង នោះបានដក់ជាប់ ក្នុងចិត្តរបស់អ្នកចូលរួម ទាំងអស់ហើយជាពេល ដ៏ជោគជ័យមួយដែលមាន អ្នកចូលរួមប្រមាន៥០០នាក់ ក្នុងនោះមាន៨៥ជា សមាជិកស្មគ្រ័ចិត្ត និងរួមសហការពីបណ្តា ក្រុមហ៊ុនគាំទ្រនិង អ្នកឧបត្តម្ភចំនួន១៤៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សិក្ខាសាលា ស្តីពីការលើក កម្ពស់ការចូលរួម របស់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ក្នុងដំណើរការ អភិវឌ្ឍន៍មូលដ្ឋាន

Thursday, 01 November 2012 15:36 ដោយៈ ដើមអម្ពិល(DAP) ID-067
E-mail Print PDF

កំពង់ធំៈ សិក្ខាសាលាស្តីពីការលើក កម្ពស់ការចូលរួមរបស់ ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ក្នុងដំណើរ ការអភិវឌ្ឍន៍មូលដ្ឋាន បានប្រារព្ធធ្វើនៅ សាលាក្រុងស្ទឹងសែន កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមអធិបតីភាព លោក គឹម សួរ ប្រធានក្រុមប្រឹក្សា ក្រុងស្ទឹងសែន ។

អង្គសិក្ខាសាលាដែលរៀបចំនាពេលនេះក្នុងគោលបំណង គឺពង្រឹងសមត្ថភាពក្រុមប្រឹក្សាសង្កាត់ លើគោលការណ៍សំខាន់ៗ នៃការអភិវឌ្ឍន៍តាមបែបប្រជាធិតយ្យ នៅថ្នាក់ក្រោមជាតិ ផ្តល់ឱកាស និងលទ្ធភាពដល់អ្នកពាក់ព័ន្ធនានានៅមូលដ្ឋាន អង្គភាពនានារបស់រាជរដ្ឋាភិបាល និងសង្គមស៊ីវិល ពង្រឹងទំនាក់ទំនងអន្តររដ្ឋាភិបាល ថ្នាក់ក្រោមជាតិ និងធ្វើបទបង្ហាញនានា ព្រមទាំងចូល រួមផ្តល់ជា គំនិតយោបល់ និងអនុសាសន៍សំរាប់ដំណើរការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិកាន់តែប្រសើរថែមទៀត។

មានប្រសាសន៍មិទអង្គសិក្ខាសាលា លោក ហុក រិន អភិបាលក្រុងស្ទឹងសែន បានលើកឡើងថា ផ្អែកតាម ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្តក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំសង្កាត់ និងលិខិតបទដ្ឋនាគតិ្តយុទ្ធនានា ថ្នាក់រដ្ឋបាលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន យ៉ាងសកម្មសំដៅលើក កម្ពស់គុណភាពសេវាសាធារណៈ និងអភិវឌ្ឍន៍ ឲ្យមានការរីកចម្រើនដែលភារកិច្ចទាំងនេះ ចាំបាច់ទាមទារ ឲ្យមានការសហការ និងគាំទ្រគ្នាទៅវិញទៅមក។

លោកបន្ថែមថា ក្រុមប្រឹក្សាសង្កាត់ជារដ្ឋបាលមូលដ្ឋាន និងជាអ្នកផ្តល់សេវាកៀកបំផុតជាមួយប្រជាពលរដ្ឋ ហេតុនេះដំណើរការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ តម្រូវឲ្យាមានការយកចិត្តទុកដាក់ ក្នុងការពង្រឹង ទំនាក់ទំនង និងផ្តល់លទ្ធភាពដល់ក្រុមប្រឹក្សាសង្កាត់ ក្នុងការពិភាក្សា និងរៀបចំគោលនយោបាននានា សម្រាប់ការអភិវឌ្ឍន៍ មូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាប្រភេទនីមួយៗ ដូចបានកំណត់ នៅក្នុងច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

បុរី វិមានភ្នំពេញ បានលាតត្រដាង ភាពអស្ចារ្យ កាន់តែធ្វើឱ្យ ភ្ញាក់ផ្អើល ដល់សាធារណជន

Thursday, 01 November 2012 15:19 ដោយៈដើមអម្ពិល ID:037
E-mail Print PDF

ភ្នំពេញៈ អ្វីដែល សាធារណជនទូទៅ កំពុងទន្ទឹងរង់ចាំ កន្លងមកនោះ ត្រូវបានលាត ត្រដាងហើយ បន្ទាប់ពី បុរីវិមានភ្នំពេញ បានរៀបចំ កម្មវិធី ដ៏ពិសេសមួយ ដើម្បីផ្តល់ជូន ប្រជាពលរដ្ឋគ្រប់គ្នា ទទួលបានលំនៅដ្ឋាន ដ៏ល្អប្រណិត  ដែលមានផាសុខភាព នារាជធានីភ្នំពេញ។

អតិថិជនដែលមកទិញ ផ្ទះនៅ បុរី វិមានភ្នំពេញ នឹងទទួលបាន នូវភាពអស្ចារ្យ ដែលមិនធ្លាប់មាន ពីមុនមក ចំនួន 4យ៉ាង ក្នុងនោះរួមមាន ទី១ ការបញ្ចុះតំលៃពី 6-10% , ទី២ បង់ប្រាក់មុនត្រឹមតែ USD3,450 (បីពាន់បួនរយ ហាសិបដុល្លារអាមេរិក) , ទី៣ បង់រំលោះប្រចាំខែត្រឹមតែ USD468 (បួនរយហុកសិបប្រាំបី ដុល្លារ) ប៉ុណ្ណោះក្នុងមួយខែ និង ចំណុចទី៤ ដែលពិសេសជាងគេ គឺបង់រំលោះ ដោយការប្រាក់ 0%។

ការផ្តល់ជូនខាងលើនេះ ពិតជាអស្ចារ្យ និងភ្ញាក់ផ្អើល ដែលមិនធ្លាប់មានពីមុនមក។ នេះគឺជាឱកាសដ៏ល្អសម្រាប់ អតិថិជនដែលចង់ក្លាយ ទៅជាម្ចាស់ ស្របច្បាប់លើផ្ទះមួយដ៏ប្រណិត ដែមានទីតាំងស្ថិត នៅក្នុងតំបន់បៃតងកំពុងអភិវឌ្ឍន៍ របស់រាជធានីភ្នំពេញ។

ក្រៅពីការផ្តល់ជូនខាងលើ បុរី វិមានភ្នំពេញ ផ្តល់ជូនអតិថិជន នូវភាពកក់ក្តៅមួយទៀតគឺ ចេញជូនប័ណ្ណកម្មសិទ្ធិ ដល់មន្ទីរដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ហើយគំរោងនេះ ទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលិខិតអនុញ្ញាតិសាងសង់ ពីក្រសូងដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី ផងដែរ។ ប្រញាប់រួសរាន់ឡើងកុំឱ្យឱកាស ដ៏ល្អនេះ កន្លងផុតទៅឱ្យ សោះ ព្រោះចំនួនផ្ទះ និងរយៈពេល នៃការផ្តល់ជូនេះមានកំណត់។

គួរបញ្ជាក់ថា បុរី វិមានភ្នំពេញ គឺជាគំរោងអភិវឌ្ឍន៍លំនៅឋាន របស់ក្រុមហ៊ុន លី ហួរ គ្រុប មានទីតាំងស្ថិត នៅតាមផ្លូវ ជា សុផារ៉ា ធ្វើដំណើរ ប្រហែល៥នាទី ពីរង្វង់មូលកាំកូស៊ីធី ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 095 70 70 46 ឬ 077 66 76 08 ៕

Photo by DAP-NEWS

Photo by DAP-NEWS

លោក គង់ វិមាន នាំគ្រឿងឧបភោគ បរិភោគ និងថវិការ ទៅចែកជូនក្រុម យុវជនស្ម័គ្រចិត្ដ

Thursday, 01 November 2012 15:00 ដោយ៖ ដើមអម្ពិល : (DAP) : ID-011
E-mail Print PDF

កំពង់ធំ ៖ អភិបាលរងខេត្ដកំពង់ធំ លោក គង់ វិមាន កាលពីព្រឹកថ្ងៃទី0១ ខែវិច្ឆិកា ឆ្នាំ២០១២ បាននាំយកគ្រឿងឧប ភោគបរិភោគ និងថវិការ មួយចំនួន ចែកជូន ដល់ក្រុមយុវជនស្ម័គ្រ ចិត្ដក្រុមទី៨២ និងក្រុមទី១១៤ ប្រចាំខេត្តសៀមរាប ដែលបានស្នាក់នៅវត្តរុក្ខាបុប្ផាព្រៃស្អាត ស្ថិតភូមិអន្លង់ក្រាញ់ ឃុំពពក ស្រុកស្ទោងមកជួយបំពេញបេសកកម្មការងារ ចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋស្ថិតនៅឃុំពពក ស្រុកស្ទោង ខេត្ដកំពង់ធំ ដែលជាការបង្ហាញ នូវការយកចិត្ដទុកដាក់ របស់អាជ្ញាធរខេត្ដ កំពង់ធំ ចំពោះក្រុមយុវជនស្ម័គ្រចិត្ដ។

រួមដំណើរជាមួយអភិបាលរងខេត្ដ លោកគង់ វិមានខាងលើនេះ រួមមានមេបញ្ជាការអាវុធហត្ថខេត្ដ លោកឧត្ដមសេនីយ៍ហង្ស ថុល  លោកហេង សំណាង ប្រធានសភាពាណិជ្ជខេត្ត កំពង់ធំនិងព្រះវិហារ លោកវណ្ណ សុផាន់ណានាយសង្កាត់រដ្ឋបាលព្រៃឈីខាងត្បូងទន្លេសាប ព្រមទាំងក្រុមការងារមួយចំនួនទៀត ។

យោងតាមមន្ដ្រីដែលចូលរួមក្នុងកម្មវិធី ខាងលើនេះ បានឱ្យដឹងថា អធិកតីទាំងអស់ក៏បានស្មឹងស្មាធ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ ដែលបានចូលទិវង្គត នៅថ្ងៃទី១៥ខែតុលាឆ្នាំ២០១២ កន្លងទៅ។

នៅចំពោះមុខក្រុមយុវជនស្ម័គ្រចិត្ដទាំង អស់លោកគង់ វិមានបានផ្ដាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ ខេត្ដកំពង់ធំ ទាំងអស់និងផ្ដាំផ្ញើឱ្យក្រុមយុវជនស្ម័គ្រចិត្ដត្រូវមានការ ប្រុងប្រយ័ត្នចំពោះជំងឺឆ្លងផ្សេងៗ ។

លោកគង់ វិមាន បានឲ្យដឹងថា នេះជាលើកទី១៥ ហើយ សម្រាប់ការចុះសួរទុក្ខដល់ក្រុមយុវជនស្ម័គ្ររបស់សមេ្តច ហើយគ្រឿងឧបភោគ បរិភោគ ដែលចែកជូនដល់ក្រុមយុវជនស្ម័គ្រចិត្ដនោះ រួមមាន អង្ករ ទឹកបរិសុទ្ធ ទឹកត្រី  ទឹកស៊ីអ៊ីវ  សរុបថវិកា ៣៦០០.០០០ រៀល  ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

គ.ជ.ប នឹងរៀបចំពិធី បញ្ចុះបឋមសិលា សាងសង់អគារ ទីស្ដីការថ្មី នៅថ្ងៃទី៧ ខែវិច្ឆិកា

Thursday, 01 November 2012 14:30 ដោយៈ ដើមអម្ពិល(DAP): ID-014
E-mail Print PDF

ភ្នំពេញ៖ នៅដើមខែវិច្ឆិកា ឆ្នាំ២០១២ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ ថា (គ.ជ.ប) នឹងរៀបចំពិធីបញ្ចុះបឋមសិលា សាងសង់អគារ ទីស្ដីការថ្មី ដែលមានទីតាំងទល់មុខ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។

សេចក្ដីជូនដំណឹង របស់ គ.ជ.ប ចុះផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកានេះ បង្ហាញ ថា ពិធីបញ្ចុះបឋមសិលា សាងសង់អគារទីស្ដីការថ្មីខាងលើនេះ ធ្វើនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១២ វេលាម៉ោង៨ព្រឹក ដោយមានការ យាងសម្ដេចព្រះសង្ឃនាយកជយន្ដោ សមាទានសីល និងចំរើនព្រះបរិត្ត តាមប្រពៃទំលាប់ខ្មែរផងដែរ។

ប្រភពដដែល បង្ហាញទៀត ថា អគារទីស្ដីការ គ.ជ.ប ថ្មីនេះ មានទីតាំងនៅតាមបណ្ដោយវិថីរដ្ឋសភា ទល់វិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យ។

សូមបញ្ជាក់ថា ទីស្តីការ គ.ជ.បបច្ចុប្បន្ន ស្ថិតនៅវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងបរិវេណក្រសួងមហាផ្ទៃ៕

អគ្គនាយកដ្ឋាន ពន្ធដារ បន្តពន្យារពេល បង់ពន្ធអចលនទ្រព្យ ដោយសារផ្តល់ សេវាមិនទាន់ ពេលវេលា

Thursday, 01 November 2012 14:21 ដោយ៖ដើមអម្ពិល (DAP) ID-067
E-mail Print PDF

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីជូន ដំណឹងមួយដោយ សម្រេចធ្វើការ បន្តពន្យារពេល នៃការបង់ពន្ធអចលនទ្រព្យ សម្រាប់ឆ្នាំ២០១២ ដោយសារការផ្តល់ សេវាប្រមូលពន្ធ របស់ខ្លួនមិនទាន់ ពេលវេលាជូនពលរដ្ឋ ជាអ្នកជាប់ពន្ធ។

យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២ បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដាបានសម្រេចពន្យារពេលប្រមូលពន្ធ លើអចលនទ្រព្យ បន្តទៀត គឺរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២។

សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា មូលហេតុនៃការពន្យារពេលនៃបង់ពន្ធអចលនទ្រព្យ ដ៏ដោយសារ អំឡុងពេល ជិតបញ្ចប់ការប្រមូលពន្ធ លើអចលនទ្រព្យ និងក្នុងកំឡុងពេល ការពន្យាររពេលកន្លងមក សង្កេត ឃើញថា មានម្ចាស់អចលនទ្រព្យជាច្រើន នៅបាននិងកំពុង មមាញឹកមកប្រកាស បង់ពន្ធជាហេតុ ធ្វើឲ្យមាន ការផ្តល់សេវា ដល់អ្នកជាប់ពន្ធ មិនទាន់ពេលវេលា ។

លើសពីនេះទៅទៀត ដើម្បីផ្តល់ភាពកាន់តែងាយស្រួល និងបម្រើសេវាឲ្យទាន់ពេលវេលា អគ្គយកដ្ឋានពន្ធដា បានសម្រេច ឲ្យមន្ត្រីរបស់ខ្លួនធ្វើការ រៀបចំចាត់ចែងផ្តល់នសេវាប្រមូលពន្ធ នៅថ្ងៃសៅ និងអាទិត្យ បន្ថែមទៀត។

សម្រាប់ការប្រមូលពន្ធអចលនទ្រព្យឆ្នាំ២០១២នេះ បើទោះជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើការកែ សម្រួលនូវនិតិវិធីនៃការបង់ពន្ធមួយចំនួន ដើម្បីផ្តល់ភាពងាយស្រួលដល់ អ្នកជាប់ពន្ធ ប្រកាសពន្ធក៏ដោយ ក៏នៅតែមានការលើកឡើងពីភាពអសកម្មជាញ៉យៗរបស់មន្ត្រីពន្ធដារ លើការផ្តល់សេវាប្រមូលពន្ធនេះ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចប្រមូលពន្ធ លើអចលនទ្រព្យចាប់ពីឆ្នាំ២០១១តទៅ។ បើយោងតាម សេចក្តីរាយការណ៍នានា បានឲ្យដឹងថា ឆ្នាំដំបូងនៃការប្រមូលពន្ធនេះ រដ្ឋាភិបាល បានទទួលចំណូល ប្រមាណជា១១,៩លានដុល្លារអាមេរិក ៕

www.dap-news.com

កម្ពុជា-ចិន គ្រោងបង្កើត គណៈកម្មការរួមមួយ ដើម្បីតាមដាន ភាពជាដៃគូ និងយុទ្ធសាស្រ្ដ គ្រប់ជ្រុងជ្រោយ

Thursday, 01 November 2012 14:12 ដោយៈ ដើមអម្ពិល(DAP): ID-014
E-mail Print PDF

ភ្នំពេញ ៖ នៅក្នុងជំនួបទ្វេភាគី រវាងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយលោកស្រី ហ្វូ យីង អនុរដ្ឋមន្រ្ដីក្រសួង ការបរទេសចិន ជាលទ្ធផល ភាគីទាំងពីរ គ្រោងបង្កើតគណៈកម្មការរួមមួយ ដើម្បីតាមដានភាពជាដៃគូ និងយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ។ ជំនួបនេះ ធ្វើឡើងដោយបិទទ្វារ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១២នេះ នាសណ្ឋាគារ អាំងទែកុងទីណង់តាល់ រាជធានីភ្នំពេញ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានបញ្ជាក់ប្រាប់ ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចជំនួបនោះថា ភាគីទាំងពីរ បានសម្ដែងភាពរីករាយ អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា ពិសេសភាពជាដៃគូយុទ្ធសាស្រ្ដ រវាងប្រទេសទាំងពីរ។ ក្រៅពីនេះភាគីទាំងពីរ ក៏បានលើក ឡើងពីការបង្កើត គណៈកម្មការរួមមួយ ដើម្បីតាមដានភាពជាដៃគូ និងយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ស្របតាមការចង់បាន របស់នាយករដ្ឋមន្រ្ដីនៃប្រទេសពីរ។

លោកបន្តថា «ភាគីទាំងពីរ នឹងគ្រោងបង្កើតឲ្យមានគណៈកម្មការរួមមួយ ដែលកម្រិតត្រឹមអនុរដ្ឋមន្រ្ដីការបរទេសនៃប្រទេសទាំងពីរ ដើម្បីព្រាងផែនការជាយុទ្ធសាស្រ្ដ នេះ ហើយ គណៈកម្មការរួម អាចនឹងជួបប្រជុំនៅដើមឆ្នាំក្រោយ ឬចុងឆ្នាំនេះ ឬក៏ដើមឆ្នាំក្រោយ ដើម្បីរៀបចំផែនការសកម្មភាពនេះ»។

ក្នុងជំនួបខាងលើនេះ លោកស្រី ហ្វូ យីង អនុរដ្ឋមន្រ្ដីក្រសួងការបរទេសចិន បានបញ្ជាក់ថា នៅចុងខែវិច្ឆិកា ឆ្នាំ២០១២នេះ សមាជិកក្រុមប្រឹក្សារដ្ឋចិនមួយរូប ដែល មានឋានៈស្មើទេសរដ្ឋមន្រ្ដី នឹងបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសកម្ពុជា។ បំណងសំខាន់នៃទស្សនកិច្ចនេះ គឺដើម្បីអបអរខួប៥៥ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-ចិន នាឆ្នាំ២០១៣ខាង មុខ។

គួររំលឹកផងដែរថា នៅក្នុងជំនួប រវាងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាមួយលោក DAI BINGGUO សមាជិកក្រុមប្រឹក្សារដ្ឋនៃ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ លោក ហោ ណាំហុង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ទោះបីជាព្រះមហាវីរក្សត្រ បានយាងសោយទិវង្គត ក្តី ក៏ទំនាក់ទំនងមិត្តភាពដ៏យូរលង់ ជាភាតរៈ រវាងកម្ពុជា-ចិន នៅតែបន្តពង្រឹងពង្រីក បន្ថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕

www.dap-news.com

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s